ព្រះត្រៃបិដក ភាគ ៤៧
។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិព្វាយិ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅ ហើយធ្លាក់ចុះលើគំនរស្មៅ ឬគំនរឧសដ៏ធំ ផ្កាភ្លើងនោះ គប្បីញុំាងភ្លើង ក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែងឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើត ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬគំនរឧសដ៏ធំនោះឯង ឲ្យទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិព្វាយិ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។
ID: 636854477611220726
ទៅកាន់ទំព័រ៖