ព្រះត្រៃបិដក ភាគ ៤៧
ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតាទាំងនោះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រហ្មឈ្មោះតិស្សៈ ហើយស្រាប់តែបាត់ អំពីព្រហ្មលោក មកប្រាកដឯភ្នំឈ្មោះគិជ្ឈកូដភ្លាម ដូចបុរសមានកំឡាំង លានូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលដំណើរ ដែលបានចរចាត្រឹមណា ជាមួយនឹងព្រហ្ម ឈ្មោះតិស្សៈ ដោយសព្វគ្រប់ ចំពោះព្រះដ៏មានព្រះភាគ។ ម្នាលមោគ្គល្លាន តិស្សព្រហ្ម សំដែងនូវបុគ្គលអ្នកនៅដោយអនិមិត្តសមាធិ ទី៧ ដល់អ្នកមិនបានទេ។
ID: 636854479500568791
ទៅកាន់ទំព័រ៖