ព្រះត្រៃបិដក ភាគ ៤៧
ព្រះដ៏មានព្រះភាគ គប្បីសំដែងនូវបុគ្គលអ្នកនៅដោយអនិមិត្តសមាធិ ទី៧ ណា បពិត្រព្រះដ៏មានព្រះភាគ កាលនេះ ជាកាលគួរដល់សេចក្តីនោះ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់សេចក្តីនោះហើយ ភិក្ខុទាំងឡាយ បានស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលមោគ្គល្លាន បើដូច្នោះ ចូរអ្នកស្តាប់ចុះ ចូរធ្វើទុកក្នុង ចិត្តដោយល្អចុះ តថាគតនឹងសំដែង។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ បានដល់នូវចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងអស់ ទេវតាទាំងនោះ តែងដឹងនូវភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះឯង បានដល់នូវចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនិមិត្តទាំងអស់ ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលមក នូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។
ID: 636854479678808986
ទៅកាន់ទំព័រ៖