ព្រះត្រៃបិដក ភាគ ៤៧
ម្នាលមោគ្គល្លាន ពួកទេវតាទាំងនោះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ។
[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ សីហសេនាបតី (សេនាបតីឈ្មោះ សីហៈ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងពន្យល់នូវផលនៃទាន ដែលបុគ្គលឃើញដោយខ្លួនឯងបានដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ តថាគតនឹងត្រឡប់សួរអ្នក ក្នុងរឿងនុ៎ះវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយនូវរឿងនោះយ៉ាងនោះចុះ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះដូចម្តេច។ ក្នុងលោកនេះ មានបុរសពីរនាក់ បុរសម្នាក់មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសម្នាក់មានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការឲ្យទានរឿយ ៗ។ ម្នាលសីហៈ អ្នកសំគាល់នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ តើគួរនឹងអនុគ្រោះបុរសណាមុន
ID: 636854479891161131
ទៅកាន់ទំព័រ៖