ព្រះត្រៃបិដក ភាគ ៤៧
ភវរាគានុសយៈ អវិជ្ជានុសយៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនៈ បានធ្វើនូវទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹងនូវមានះដោយប្រពៃ។
[១៣] ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុមិនទាន់ចូលទៅជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ។ ៧ យ៉ាង តើអ្វីខ្លះ។ គឺពួកជនមិនក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ មិនថ្វាយបង្គំ ដោយសេចក្តីពេញចិត្ត ១ មិនប្រគេនអាសនៈ ដោយសេចក្តីពេញចិត្ត ១ លាក់ទុកនូវទេយ្យធម៌របស់គេ ១ កាលបើទេយ្យធម៌មានច្រើន ឲ្យតិច ១ កាលបើមានទេយ្យធម៌ដ៏ឧត្តម ឲ្យរបស់សៅហ្មង ១ ឲ្យដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាងនេះឯង ភិក្ខុមិនទាន់ចូលទៅជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុមិនទាន់ចូលទៅជិត គួរចូលទៅជិតបាន ឬបានចូលទៅជិតហើយ គួរអង្គុយបាន។
ID: 636854450648298535
ទៅកាន់ទំព័រ៖