ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                លុះឃើញហើយ ក៏ទ្រង់បាត់អំពីភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគិរី ក្នុងដែនភគ្គៈ ទៅប្រាកដក្នុងទីចំពោះមុខ នៃមហាមោគ្គល្លានដ៏មានអាយុ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ ប្រៀបដូចបុរសមានកំឡាំង គប្បីលានូវដៃដែលបត់ចូល ឬគប្បីបត់ចូលនូវដៃ ដែលលាចេញ ក៏យ៉ាងនោះដែរ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ទៅនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា នែមោគ្គល្លាន អ្នកងោកងក់ឬ នែមោគ្គល្លាន អ្នកងោកងក់ឬ។ ព្រះមហាមោគ្គល្លាន តបថា ព្រះករុណា ព្រះអង្គ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ កាលបើអ្នកមានសញ្ញាយ៉ាងណាហើយ សេចក្តីងងុយងោក នៅតែគ្របសង្កត់អ្នក អ្នកគប្បីធ្វើទុកក្នុងចិត្តនូវសញ្ញានោះ គប្បីធ្វើនូវសញ្ញានោះឲ្យក្រាស់ក្រែលឡើង ហេតុនុ៎ះ រមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះហើយ នឹងលះសេចក្តីងងុយងោកនោះបានមិនខាន។ បើអ្នកធ្វើយ៉ាងនេះហើយ នៅតែលះសេចក្តីងងុយងោកនោះមិនបានទេ នែមោគ្គល្លាន តពីនោះទៅ អ្នកគប្បីត្រិះរិះរឿយ ៗ គប្បីពិចារណារឿយ ៗ គប្បីរំពឹងរឿយ ៗ នូវធម៌ដែលធ្លាប់ស្តាប់ហើយ ធ្លាប់រៀនសូត្រហើយដោយចិត្ត 
            
            
         
        
            
                ID: 636854482374693181 
                
            
            
                ទៅកាន់ទំព័រ៖