ព្រះត្រៃបិដក ភាគ ៤៧
មិនប្រកបរឿយ ៗ នូវសេចក្តីសុខ ព្រោះសេចក្តីងងុយងោកទេ។ នែមោគ្គល្លាន អ្នកត្រូវសិក្សាយ៉ាងនេះឯង។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ មិនលើកឡើងនូវប្រមោយ គឺ មានះឲ្យខ្ពស់ ហើយចូលទៅរកត្រកូលទាំងឡាយទេ។ នែមោគ្គល្លាន អ្នកគប្បីសិក្សាយ៉ាងនេះ។ នែមោគ្គល្លាន បើភិក្ខុលើកឡើងនូវប្រមោយ គឺមានះឲ្យខ្ពស់ ចូលទៅរកត្រកូលទាំងឡាយហើយ នែមោគ្គល្លាន ព្រោះក្នុងត្រកូលទាំងឡាយ រមែងមានកិច្ចដែលគួរធ្វើច្រើន មនុស្សទាំងឡាយ រមែងមិនយកចិត្តទុកដាក់ នឹងភិក្ខុដែលមកដល់ទេ។ ក្នុងរឿងនោះ ភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ក្នុងវេលានេះ អ្នកណាហ្ន៎ បំបែកអាត្មាអញ ចេញពីត្រកូលនេះ បានជាមនុស្សទាំងនេះ មានសេចក្តីធុញទ្រាន់ ក្នុងអាត្មាអញ។ សេចក្តីអៀនខ្មាស រមែងមានដល់ភិក្ខុនោះ ដោយមិនមានលាភ កាលបើភិក្ខុមានសេចក្តីអៀនខ្មាសកើតឡើងហើយ សេចក្តីរាយមាយ ក៏កើតឡើង កាលបើភិក្ខុមានសេចក្តីរាយមាយ កើតឡើងហើយ សេចក្តីមិនសង្រួម ក៏កើតឡើង កាលបើសេចក្តីមិនសង្រួមកើតឡើងហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនពោលនូវពាក្យទាស់ទែង។
ID: 636854482939815505
ទៅកាន់ទំព័រ៖