ព្រះត្រៃបិដក ភាគ ៤៧
តថាគត បានទៅកើតក្នុងអាភស្សរព្រហ្ម កាលដែលលោកចំរើនឡើង តថាគតបានទៅកាន់ព្រហ្មវិមានដែលសូន្យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងព្រហ្មវិមាននោះ តថាគតជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់លើព្រហ្មឯទៀត ព្រហ្មឯទៀត មិនអាចគ្របសង្កត់តថាគតបាន តថាគតជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើព្រហ្មទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន។ ម្នាលភិក្ខុទាំងឡាយ តថាគតកើតជាសក្កទេវរាជ ៣៦ ដង។ តថាគត បានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាធម្មរាជ ជាឥស្សរៈក្នុងផែនដី មានព្រំប្រទល់ ក្នុងទីបំផុតនៃសមុទ្រ ទាំង ៤ មានជ័យជំនះដល់នូវភាវៈមាំមួនក្នុងជនបទ បរិបូណ៌ដោយរតនៈ ទាំង ៧ ប្រការ ជាច្រើនរយផង។ ម្នាលភិក្ខុទាំងឡាយ រតនៈ ៧ ប្រការនេះ កើតដល់តថាគតនោះ គឺចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនាយករតនៈ ១ ជាគំរប់ ៧។ ម្នាលភិក្ខុទាំងឡាយ តថាគត មានកូនច្រើនពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកមាន សេចក្តីព្យាយាម អាចញាំញីនូវសេនានៃសេ្តចដទៃបាន។ តថាគតបានឈ្នះហើយ នៅគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាទេ។
ID: 636854483678287743
ទៅកាន់ទំព័រ៖