ព្រះត្រៃបិដក ភាគ ៤៧
ព្រះពុទ្ធទាំងឡាយ ជាអ្នកសង្គ្រោះពួកសត្វលោក ព្រះពុទ្ធទាំងនោះ ទ្រង់សំដែងដោយប្រពៃ នូវហេតុនុ៎ះ នេះជាហេតុ ហៅថា ជាម្ចាស់នៃផែនដីរបស់ជនដ៏ច្រើន តថាគតជាស្តេច មានទ្រព្យសម្បត្តិច្រើន ជាអ្នកអង់អាច ជាអ្នកមានឫទ្ធិ មានយស ជាឥស្សរៈក្នុងជម្ពូទ្វីប។ បុគ្គលណាស្តាប់ហើយ មិនជ្រះថ្លា ចាត់ជាកណ្ហាភិជាតិ ព្រោះហេតុ នោះ បុគ្គលមានប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវភាវៈជាធំ រលឹកនូវពុទ្ធសាសនា គប្បីធ្វើនូវសេចក្តីគោរពនូវព្រះសទ្ធម្មចុះ។
[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា
ID: 636854484243720084
ទៅកាន់ទំព័រ៖