ព្រះត្រៃបិដក ភាគ ៤៧
បុរសបុគ្គលនោះ ទុកជាដេកលើបល្ល័ង្ក លើកម្រាលព្រំ ដែលមានរោមវែងជាង ៤ ធ្នាប់ លើកម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ លើកម្រាលដែលគេធ្វើដោយរោមសត្វជាផ្កាចង្កោម លើកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកឈ្មូស មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតានដែលមានពណ៌ក្រហម ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ ក៏ ឈ្មោះថា ដេកជាទុក្ខដោយពិត។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នាយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានប្រយោជន៍ច្រើនឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងប្រយោជន៍ដ៏ច្រើន របស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ ជាអ្នកមានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ កាន់យកនូវហេតុមិនមែនជាប្រយោជន៍ សំគាល់ថាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង កាន់យកនូវហេតុជាប្រយោជន៍ សំគាល់ថាហេតុមិនមែនជាប្រយោជន៍ អាត្មាអញ បានកាន់យកហើយផង។
ID: 636854486038582744
ទៅកាន់ទំព័រ៖