ព្រះត្រៃបិដក ភាគ ៤៧

នេះ​ជា​ធម៌​ ​ជាស​ត្រូវ​ដល់គ្នា​នឹងគ្នា​ ​ដែល​សត្រូវ​នោះ​ ​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​កាន់​យក​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៣​ ​ដែល​ជាទី​ត្រេកអរ​នៃ​សត្រូវ​ ​ជាហេតុ​នៃ​សត្រូវ​ ​រមែង​មកកាន់​ស្រ្តី​ភាព​ ​ឬ​ ​បុរិសភាព​ដែល​មាន​សេចក្តី​ក្រោធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សត្រូវ​រមែង​ប្រាថ្នា​យ៉ាងនេះ​ ​ដល់​សត្រូវ​ថា​ ​ឱ​ហ្ន៎​ ​សូមឲ្យ​បុគ្គល​នេះ​ ​កុំ​មាន​ភោគៈ​ឡើយ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្រូវ​ ​រមែង​មិន​ត្រេកអរ​ដល់​សត្រូវ​ ​ព្រោះ​មាន​ភោគៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុរស​បុគ្គល​ ​មាន​សេចក្តី​ក្រោធ​ ​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​មាន​សេចក្តី​ក្រោធ​រួបរឹត​ហើយ​ ​ភោគៈ​ទាំងឡាយ​ណា​ ​ដែល​បុគ្គល​នោះ​ ​បាន​មក​ដោយ​សេចក្តី​ប្រឹងប្រែង​ព្យាយាម​ ​សន្សំ​ដោយ​កំឡាំង​ដៃ​ ​បែកញើស​ ​ហូរ​ញើស​ ​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ព្រះរាជា​ទាំងឡាយ​ ​រមែង​ញុំាង​ភោគៈ​ទាំងនោះ​ ​របស់​បុគ្គល​ដែល​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​ឲ្យ​ចូល​ទៅកាន់​ព្រះឃ្លាំង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៤​ ​ដែល​ជាទី​ត្រេកអរ​នៃ​សត្រូវ​ ​ជាហេតុ​នៃ​សត្រូវ​ ​រមែង​មកកាន់​ស្រ្តី​ភាព​ ​ឬ​ ​បុរិសភាព​ ​ដែល​មាន​សេចក្តី​ក្រោធ​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636854486299587673
ទៅកាន់ទំព័រ៖