ព្រះត្រៃបិដក ភាគ ៤៧
ជាហេតុនៃសត្រូវ រមែងមកកាន់ស្រ្តីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធជាប្រក្រតី។
បុគ្គលមានសេចក្តីក្រោធ រមែងមានវណ្ណៈអាក្រក់ ទាំងបុគ្គលនោះ រមែងដេកជាទុក្ខ ទោះបីកាន់យកនូវប្រយោជន៍ហើយ រមែងប្រតិបត្តិមិនជាប្រយោជន៍វិញ បុរសមានសេចក្តីក្រោធ ត្រូវសេចក្តីក្រោធគ្របសង្កត់ ធ្វើនូវការសម្លាប់ដោយកាយ ដោយវាចា ក្នុងកាលនោះហើយ រមែងដល់នូវសេចក្តីសាបសូន្យ ចាកទ្រព្យមិន ខាន បុរសដែលស្រវឹង ព្រោះស្រវឹងដោយសេចក្តីក្រោធហើយ រមែងដល់នូវសេចក្តីអាប់យស ពួកញាតិ មិត្ត និងអ្នកមានចិត្តល្អ សំឡាញ់ រមែងចៀសវាងនូវបុគ្គលអ្នកមានសេចក្តីក្រោធ។ សេចក្តីក្រោធ ជាហេតុឲ្យកើតសេចក្តីវិនាស សេចក្តីក្រោធ ជាហេតុញុំាងចិត្តឲ្យកម្រើក ភ័យកើតឡើង ក្នុងសន្តាន ជនមិនបានដឹងនូវភ័យនោះឡើយ។ បុគ្គលអ្នកក្រោធ មិនដឹងនូវសេចក្តីចំរើន បុគ្គលអ្នកក្រោធ មិនឃើញនូវធម៌ សេចក្តីក្រោធគ្របសង្កត់នូវជនណា សេចក្តីងងឹត រមែងមានប្រាកដដល់ជននោះ ក្នុងកាលនោះដែរ។
ID: 636854486883451068
ទៅកាន់ទំព័រ៖