ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងងើបធ្ងោល ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ។ សទ្ធារបស់បុគ្គលនោះ មិនតាំងនៅ មិនចំរើនឡើង រមែងសាបសូន្យទៅវិញ។ ហិរិរបស់បុគ្គលនោះ ឱត្តប្បៈ របស់បុគ្គលនោះ វីរិយៈរបស់បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែងមិនតាំងនៅ មិនចំរើនឡើង មានតែសាបសូន្យទៅវិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយមុជទៅវិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឈរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ។ សទ្ធារបស់បុគ្គលនោះ ក៏មិនសាបសូន្យទៅ មិនចំរើនឡើង រមែងតាំងនៅដដែល។ ហិរិរបស់បុគ្គលនោះ ឱត្តប្បៈ របស់បុគ្គលនោះ វីរិយៈរបស់បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែងមិនសាបសូន្យទៅ មិនចំរើនឡើង រមែងតាំងនៅដដែល។
ID: 636854451237122214
ទៅកាន់ទំព័រ៖