ព្រះត្រៃបិដក ភាគ ៤៧
រមែងមកកាន់លោកនេះ អស់វារៈតែម្តង ហើយធ្វើនូវទីបំផុត នៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ។ បុគ្គលនោះ ជាឱបបាតិកៈ ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ហើយបរិនិព្វាន ក្នុងលោកនោះ មិនបានត្រឡប់មក ចាកលោកនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាព្រាហ្មណ៍ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយនាយ ហើយឈរនៅលើគោក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងពួកកុសលធម៌ ជាការល្អ។
ID: 636854451581601917
ទៅកាន់ទំព័រ៖