ព្រះត្រៃបិដក ភាគ ៤៧
នេះជាអត្ថ របស់ភាសិតនេះ នេះជាអត្ថ របស់ភាសិតនេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនដឹងនូវអត្ថ នៃភាសិតនោះ ៗ ថា នេះជាអត្ថរបស់ភាសិតនេះ នេះជាអត្ថ របស់ភាសិតនេះទេ តថាគតមិនហៅថា អ្នកដឹងនូវអត្ថ ក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកឯភិក្ខុដឹងនូវអត្ថរបស់ភាសិតនោះ ៗ ថា នេះជាអត្ថរបស់ភាសិតនេះ នេះជាអត្ថរបស់ភាសិតនេះ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងនូវអត្ថ អ្នកដឹងនូវធម៌ ដឹងនូវអត្ថ យ៉ាងនេះឯង។ ចុះភិក្ខុអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងខ្លួនថា អាត្មាអញ ជាអ្នកប្រកបដោយសទ្ធា មានសីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹមប៉ុណ្ណេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនដឹងខ្លួនថា អាត្មាអញ ជាអ្នកប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹមប៉ុណ្ណេះទេ តថាគត មិនហៅថា អ្នកដឹងខ្លួនក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុអ្នកដឹងខ្លួនថា អាត្មាអញ ជាអ្នកប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹមប៉ុណ្ណេះ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងខ្លួន ភិក្ខុអ្នកដឹងធម៌ ដឹងអត្ថ ដឹងខ្លួន យ៉ាងនេះឯង។ ចុះភិក្ខុអ្នកដឹងប្រមាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រមាណក្នុងការទទួលនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ។
ID: 636854493699970950
ទៅកាន់ទំព័រ៖