ព្រះត្រៃបិដក ភាគ ៤៧
បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាព្រាហ្មណ៍ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយខាងនាយ ហើយឈរនៅលើគោក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឯង បុគ្គល ៧ ពួក ប្រៀបដូចអ្នកមុជទឹក រមែងមានប្រាកដក្នុងលោក។
[១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសំគាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី១
ID: 636854451772022809
ទៅកាន់ទំព័រ៖