ព្រះត្រៃបិដក ភាគ ៤៧
បុគ្គលណា ចង់ជួបប្រទះពួកព្រះអរិយៈ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ។ បុគ្គលពីរពួក ចង់ជួបប្រទះពួកព្រះអរិយៈ គឺ មួយពួក ចង់ស្តាប់ព្រះសទ្ធម្ម មួយពួក មិនចង់ស្តាប់ព្រះសទ្ធម្ម។ បុគ្គលណា មិនចង់ស្តាប់ព្រះសទ្ធម្ម បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះៗ យ៉ាងនេះ។ បុគ្គលណា ចង់ស្តាប់ព្រះសទ្ធម្ម បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ។ បុគ្គលពីរពួក ចង់ស្តាប់នូវព្រះសទ្ធម្ម គឺ បុគ្គលមួយពួក មានត្រចៀក ផ្ទៀងស្តាប់នូវធម៌ បុគ្គលមួយពួក មានត្រចៀក មិនផ្ទៀងស្តាប់នូវធម៌។ បុគ្គលណា មានត្រចៀក មិនផ្ទៀងស្តាប់នូវធម៌ បុគ្គលនោះ គេគប្បីតិះដៀល ដោយហេតុនោះៗ យ៉ាងនេះ។ បុគ្គលណា មានត្រចៀក ផ្ទៀងស្តាប់នូវធម៌ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះៗ យ៉ាងនេះ។ បុគ្គលពីរពួក មានត្រចៀក ផ្ទៀងស្តាប់នូវធម៌ គឺ មួយពួក ស្តាប់ហើយចាំទុកនូវធម៌ មួយពួក ស្តាប់ហើយមិនចាំទុកនូវធម៌។ បុគ្គលណា ស្តាប់ហើយ មិនចាំទុកនូវធម៌ បុគ្គលនោះ គេគប្បីតិះដៀលដោយហេតុនោះៗ យ៉ាងនេះ។ បុគ្គលណា ស្តាប់ហើយចាំទុកនូវធម៌ បុគ្គលនោះ គេគប្បីសរសើរ ដោយហេតុនោះ ៗ យ៉ាងនេះ។
ID: 636854494223830913
ទៅកាន់ទំព័រ៖