ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាវនា​ ​បើទុកជា​មិនបាន​ដឹង​យ៉ាងនេះ​ថា​ ​ថ្ងៃនេះ​ ​អាសវៈ​ទាំងឡាយ​ ​របស់​អញ​ ​អស់​ទៅ​ប៉ុណ្ណេះ​ ​ឬ​ថ្ងៃម្សិល​ ​អស់​ទៅ​ប៉ុណ្ណេះ​ ​ឬក៏​ម្សិលម្ង៉ៃ​ ​អស់​ទៅ​ប៉ុណ្ណេះ​ ​ដូច្នេះ​ទេ​ ​លុះ​អាសវៈ​នោះ​អស់​ទៅ​ ​ទើប​ដឹង​ថា​អស់ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​សំពៅ​សមុទ្រ​ដែលគេ​ចង​នឹង​ផ្តៅ​ ​ត្រាំ​នៅក្នុង​ទឹក​អស់​ ​៦​ ​ខែ​ ​ដល់​ហេមន្តរដូវ​ ​គេ​លើកឡើង​ ​ដាក់លើ​គោក​ ​ចំណង​ទាំងឡាយ​ ​ត្រូវ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​ចំណង​ទាំងនោះ​ ​ត្រូវ​ភ្លៀង​បង្អុរ​ស្រោច​ ​ក៏​ខូច​ពុក​ផុយ​បាន​ដោយ​ងាយ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​បាន​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាវនា​ ​សំយោជនៈ​ទាំងឡាយ​ ​ក៏​ស្ងប់​រម្ងាប់​បាន​ដោយ​ងាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៦៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​ទ្រង់​បានឃើញ​គំនរ​ភ្លើង​ធំ​ ​ក្នុង​ប្រទេស​មួយ​កន្លែង​ ​កំពុង​ឆេះ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​យាង​ចេញ​អំពី​ផ្លូវ​ ​ទៅ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​ប្រប​គល់ឈើ​មួយ​ដើម​។​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636854511951554881
ទៅកាន់ទំព័រ៖