ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ ព្រោះបុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែដាក់ដុំទង់ដែងដ៏ក្តៅ ទៅក្នុងមាត់នោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ព្រោះតែដាក់ដុំទង់ដែងដ៏ក្តៅទៅក្នុងមាត់នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ។បេ។ មានចិត្តជ្រោកជ្រាក ឆាន់ចង្ហាន់បិណ្ឌបាត របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការឆាន់ចង្ហាន់បិណ្ឌបាតនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខអស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសមានកំឡាំង ចាប់បុរសឯទៀត ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬឲ្យដេកលើគ្រែដែក ឬក៏តាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ភិក្ខុប្រើប្រាស់គ្រែ និងតាំង របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ណាប្រសើរជាង។ 
            
            
         
        
            
                ID: 636854514071156115 
                
            
            
                ទៅកាន់ទំព័រ៖