ព្រះត្រៃបិដក ភាគ ៤៧
បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រើប្រាស់គ្រែ និងតាំងរបស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ការប្រើប្រាស់គ្រែ និងតាំងនុ៎ះ ប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង ចាប់ (បុរសឯទៀត) ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬដេកលើគ្រែដែក ឬតាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ នុ៎ះជាទុក្ខលំបាកវិញ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់អ្នកទាំងឡាយ បុរសដ៏មានកំឡាំង ចាប់ (បុរសឯទៀត) ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬឲ្យដេកលើគ្រែដែក ឬតាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ការដេកនោះ ប្រសើរជាងភិក្ខុទ្រុស្តសីល។បេ។ មានចិត្តជ្រោកជ្រាកនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ គ្រាន់តែដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែអង្គុយ ឬដេកលើគ្រែ ឬតាំងដ៏ក្តៅនោះ (ប៉ុណ្ណោះ) លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែអង្គុយ ឬដេកលើគ្រែ ឬតាំងដ៏ក្តៅនោះទៀតទេ។
ID: 636854514244086006
ទៅកាន់ទំព័រ៖