ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ។បេ។ មានចិត្តជ្រោកជ្រាក ប្រើប្រាស់គ្រែ និងតាំង របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់នោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខអស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក (ថែមទៀត)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច បុរសមានកំឡាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ភិក្ខុប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ណាប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ការប្រើប្រាស់នុ៎ះ ប្រសើរជាង។ 
            
            
         
        
            
                ID: 636854514408295399 
                
            
            
                ទៅកាន់ទំព័រ៖