ព្រះត្រៃបិដក ភាគ ៤៧
បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះទង់ដែងនោះ ក៏អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ការនុ៎ះ ជាទុក្ខលំបាកវិញ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់អ្នកទាំងឡាយ បុរសមានកំឡាំង ចាប់ (បុរសឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាលសំយុងចុះក្រោម ហើយបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ កាលបុរសនោះ កំពុងឆេះពុះផុល ក្នុងខ្ទះទង់ដែងនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅទទឹងម្តង ការនុ៎ះ ប្រសើរជាងភិក្ខុទ្រុស្តសីល។បេ។ មានចិត្តជ្រោកជ្រាកនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែគេបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ តែគេបោះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅនោះទៀតឡើយ។
ID: 636854514585115512
ទៅកាន់ទំព័រ៖