ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ។បេ។ មានចិត្តជ្រោកជ្រាក ប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់នោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក (ថែមទៀត)។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា យើងបរិភោគប្រើប្រាស់ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួកបុគ្គលណា បច្ចយទានទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ដល់ពួកបុគ្គលទាំងនោះ ឯបព្វជ្ជារបស់យើងនេះ មានផលមានប្រយោជន៍ (មិនមែនឥតអំពើទេ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់ខ្លួនច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់អ្នកដទៃច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍ទាំងពីរច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង។
ID: 636854514752975113
ទៅកាន់ទំព័រ៖