ព្រះត្រៃបិដក ភាគ ៤៧
ព្រះដ៏មានព្រះភាគ បានទ្រង់ត្រាស់ភាសិតនេះហើយ កាលព្រះដ៏មានព្រភាគ សំដែងវេយ្យាករណ៍នេះចប់ហើយ ពួកភិក្ខុទាំង ៦០ រូប ក្អួតសុទ្ធតែឈាមក្តៅ ៗ តាមមាត់ ពួកភិក្ខុ ៦០ រូបទៀត លះបង់សិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប ព្រោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេធ្វើបានដោយក្រ ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេមិនងាយធ្វើកើត ពួកភិក្ខុ ៦០ រូបទៀត មានចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។
[៧០] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះសុនេត្តៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះសុនេត្តៈ មានសាវកច្រើនរយ។ ក៏គ្រូឈ្មោះសុនេត្តៈ រមែងសំដែងធម៌ ដើម្បីដឹកនាំសាវកទាំងឡាយ ឲ្យទៅកើតក្នុងព្រហ្មលោក។ ម្នាលភិក្ខុទាំងឡាយ បើពួកសាវកណា មិនបានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះសុនេត្តៈ ដែលសំដែងធម៌ ដើម្បី ដឹកនាំឲ្យទៅកើតក្នុងព្រហ្មលោកទេ ពួកសាវកនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បើពួកសាវកណា បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះគ្រូឈ្មោះសុនេត្តៈ ដែលសំដែងធម៌ ដើម្បីដឹកនាំឲ្យទៅកើតក្នុងព្រហ្មលោកហើយ
ID: 636854514966577331
ទៅកាន់ទំព័រ៖