ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​ទឹកមាត់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​ទៅវិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូចជា​ដុំ​សាច់​ដែលគេ​យក​ទៅ​ដាក់​ក្នុង​ខ្ទះ​ដែក​ដ៏​ក្តៅ​ ​អស់​មួយថ្ងៃ​ ​រមែង​ខ្លោច​ចង្រុះ​ឆាប់​ ​មិន​ឋិតថេរ​យូរយារ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​ប្រៀប​ដូច​ដុំ​សាច់​…​ ​យ៉ាងនោះ​ដែរ​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​មេគោ​ដែល​ត្រូវ​សម្លាប់​ ​ដែលគេ​នាំទៅ​កាន់​កន្លែង​សម្លាប់​ ​ឈានជំហាន​ណា​ទៅ​ ​ឈ្មោះថា​ ​ខិត​ទៅ​ជិត​កន្លែង​សម្លាប់​ ​ជិត​សេចក្តី​ស្លាប់​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ប្រៀប​ដូចជា​មេគោ​ ​ដែល​ត្រូវ​សម្លាប់​ ​យ៉ាងនោះ​ដែរ​។​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ដឹង​ ​ត្រូវ​ធ្វើ​នូវ​កុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ ​ព្រោះ​សត្វ​ដែល​កើត​ហើយ​ ​សុទ្ធតែ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​ ​មាន​អាយុ​ប្រាំមួយ​ហ្មឺន​ឆ្នាំ​។​ ​កុមារិកា​ ​មាន​អាយុ​ត្រឹម​ប្រាំ​រយ​ឆ្នាំ​ ​ទើប​ល្មម​មាន​ប្តី​។​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636854515932332569
ទៅកាន់ទំព័រ៖