ព្រះត្រៃបិដក ភាគ ៤៧

​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែងធម៌​ដល់​ខ្ញុំ​ព្រះអង្គ​ ​ដោយ​សេចក្តី​សង្ខេប​ឲ្យ​ទាន​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់ធម៌​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​នៅតែ​ម្នាក់ឯង​ ​ចៀសចេញ​ចាក​ពួក​គណៈ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​បញ្ជូន​ចិត្ត​ទៅ​ក្នុង​ព្រះ​និព្វាន​។​ ​ម្នាល​ឧបាលិ​ ​អ្នក​ត្រូវ​ដឹង​នូវ​ពួក​ធម៌​ណា​ថា​ ​ធម៌​ទាំងនេះ​ ​មិន​នាំឲ្យ​នឿយណាយ​ដោយ​ដាច់ខាត​ ​មិន​នាំឲ្យ​រសាយចិត្ត​ ​មិន​នាំឲ្យ​រលត់​ ​មិន​នាំឲ្យ​ស្ងប់​ ​មិន​នាំឲ្យ​បាន​អភិញ្ញា​ ​មិន​នាំឲ្យ​បាន​ត្រាស់​ដឹង​ ​មិន​នាំឲ្យ​បាន​ព្រះ​និព្វាន​ ​ម្នាល​ឧបាលិ​ ​អ្នក​ត្រូវ​ចាំទុក​ ​ដោយ​ដាច់ខាត​ថា​ ​នេះ​មិនមែន​ជា​ធម៌​ ​នេះ​មិនមែន​ជា​វិន័យ​ ​នេះ​មិនមែន​ជា​ពាក្យ​ប្រដៅ​របស់​ព្រះ​សាស្តា​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​អ្នក​ត្រូវ​ដឹង​នូវ​ពួក​ធម៌​ណា​ថា​ ​ធម៌​ទាំងឡាយ​នេះ​ ​នាំឲ្យ​នឿយណាយ​ ​ដោយ​ដាច់ខាត​ ​នាំឲ្យ​រសាយចិត្ត​ ​នាំឲ្យ​រលត់​ ​នាំឲ្យ​ស្ងប់​ ​នាំឲ្យ​បាន​អភិញ្ញា​ ​នាំឲ្យ​បាន​ត្រាស់​ដឹង​ ​នាំឲ្យ​បាន​ព្រះ​និព្វាន​ ​ម្នាល​ឧបាលិ​ ​អ្នក​ត្រូវ​ចាំទុក​ដោយ​ដាច់ខាត​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រដៅ​ ​របស់​ព្រះ​សាស្តា​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636854518161750084
ទៅកាន់ទំព័រ៖