ព្រះត្រៃបិដក ភាគ ៤៧
បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជា ចេតិយក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលជាខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យឡើយ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងពួកព្រះអរហន្ត ដោយបំណងថា ធ្វើម្តេចហ្ន៎! ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏ សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ បពិត្រស្តេចលិច្ឆវីទាំងឡាយ នេះ អបរិហានិយធម៌ ៧ យ៉ាង រមែងតាំងនៅក្នុងពួកស្តេចក្នុងដែនវជ្ជី ឬថា ពួកស្តេចក្នុងដែនវជ្ជី ប្រតិបត្តិក្នុង អបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។
ID: 636854454402363256
ទៅកាន់ទំព័រ៖