ព្រះត្រៃបិដក ភាគ ៤៧
ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ មានសេចក្តីច្រណែន ១ មានសេចក្តីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនប្រាថ្នាមិនចង់ឲ្យគេមើលងាយខ្លួន ១ ខ្មាសបាប ១ ខ្លាចបាប ១ មិនមានសេចក្តីច្រណែន ១ មិនមានសេចក្តីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។
[៣] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ៧ យ៉ាង។ កំឡាំង ៧ យ៉ាង តើអ្វីខ្លះ។ កំឡាំងគឺសទ្ធា ១ កំឡាំងគឺសេចក្តីព្យាយាម ១ កំឡាំងគឺហិរិ១ កំឡាំងគឺឱត្តប្បៈ ១ កំឡាំងគឺសតិ ១ កំឡាំងគឺសមាធិ ១ កំឡាំងគឺបញ្ញា១។
ID: 636854447100555616
ទៅកាន់ទំព័រ៖