ព្រះត្រៃបិដក ភាគ ៤៧
[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះរាជាជាធំ ក្នុងដែនមគធៈ ព្រះនាមអជាតសត្តុវេទេហីបុត្រ មានបំណងនឹងយាត្រាទៅជាន់យកពួកស្តេចក្នុងដែនវជ្ជី។ ព្រះអង្គទ្រង់មានព្រះរាជឱង្ការ យ៉ាងនេះថា អញនឹងផ្តាច់ផ្តិលពួកអ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ពួកស្តេចក្នុងដែនវជ្ជី នឹងបំផ្លាញពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើពួកស្តេចក្នុងដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស។ គ្រានោះ ព្រះបាទអជាតសត្តុមាគធរាជ វេទេហីបុត្រ ត្រាស់ហៅវស្សការព្រាហ្មណ៍ ដែលជាមហាមាត្យ ក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគដោយត្បូង តាមពាក្យរបស់ខ្ញុំ រួចទូលសួរអំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស ដោយកំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ ថ្វាយបង្គំព្រះបាទាព្រះដ៏មានព្រះភាគ ដោយព្រះសិរ្ស
ID: 636854454573283032
ទៅកាន់ទំព័រ៖