ព្រះត្រៃបិដក ភាគ ៤៧
កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមិនបញ្ញត្តច្បាប់ (ដែលពួកស្តេចពីដើម) មិនបានបញ្ញត្តហើយ មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ក្នុងដែនវជ្ជី អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរពរាប់អាន បូជា ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេច ក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ ដូច្នេះដែរ។
ID: 636854455283733667
ទៅកាន់ទំព័រ៖