ព្រះត្រៃបិដក ភាគ ៤៧
ម្នាលអានន្ទ បើពួកស្តេច ក្នុងដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់របស់ពួកស្តេចក្នុងដែនវជ្ជី ដែលមានព្រះជន្មច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មិនកំហែង បង្ខំពួកស្រ្តីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួមដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំពួកស្រ្តី ក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួមដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី មិនកំហែងបង្ខំពួកស្រ្តីក្នុងត្រកូល ពួកកុមារីក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួកស្តេចក្នុងដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរឬ។
ID: 636854455437232447
ទៅកាន់ទំព័រ៖