ព្រះត្រៃបិដក ភាគ ៤៧
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយក្នុងដែនវជ្ជី របស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជានូវចេតិយ ក្នុងដែនវជ្ជីរបស់ពួកអ្នកដែនវជ្ជី ដែលនៅខាងក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់បូជា ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើនតែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី បានចាត់ចែងត្រឹមត្រូវ នូវការរក្សាការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុងអរហន្តទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូមឲ្យមកកាន់ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែលមកស្រាប់ហើយ ក៏សូមឲ្យគង់នៅសប្បាយ ក្នុងដែនរបស់យើង ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនោះថា
ID: 636854455647144453
ទៅកាន់ទំព័រ៖