ព្រះត្រៃបិដក ភាគ ៤៧
ម្នាលព្រាហ្មណ៍ អបរិហានិយធម៌ ៧ យ៉ាងនេះ តាំងនៅក្នុងពួកស្តេចក្នុងដែនវជ្ជី ឬថាពួកស្តេចក្នុងដែនវជ្ជី នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ៧ យ៉ាងនេះ អស់កាលត្រឹមណា ម្នាលព្រាហ្មណ៍ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន តែងមានប្រាកដ សេចក្តីសាបសូន្យ តែងមិនមានដល់ពួកស្តេចក្នុងដែនវជ្ជី ដែលប្រកបដោយអបរិហានិយធម៌ សូម្បីតែមួយ ៗ ចាំបាច់ និយាយទៅថ្វី ដល់ទៅគ្រប់អបរិហានិយធម៌ ទាំង ៧ (នោះ)។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មិនគប្បីចាប់ពួកស្តេចក្នុងដែនវជ្ជី ដោយចម្បាំងបានទេ វៀរលែងតែការលួងលោមយកចិត្ត ឬការធ្វើឲ្យបែកគ្នា។ បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូមលាទៅឥឡូវនេះ (ព្រោះថា) ខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ម្នាលព្រាហ្មណ៍ អ្នកចូរសំគាល់នូវកាលនឹងទៅ ក្នុងវេលានេះចុះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកអាសនៈចេញទៅ។
ID: 636854456031566441
ទៅកាន់ទំព័រ៖