ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ នេះឯង កំឡាំង ៧ យ៉ាង។
កំឡាំងគឺសទ្ធា កំឡាំងគឺវីរិយៈ កំឡាំងគឺហិរិ កំឡាំងគឺឱត្តប្បៈ កំឡាំងគឺសតិ កំឡាំងគឺសមាធិ កំឡាំងគឺបញ្ញា ជាគំរប់ ៧ ភិក្ខុជាបណ្ឌិត មានកំឡាំងដោយកំឡាំងទាំងនេះ រមែងរស់នៅស្រួល ពិចារណាធម៌ ដោយឧបាយ តែងឃើញច្បាស់នូវអត្ថ(១) ដោយបញ្ញាបាន ការរួចស្រឡះ (ចាកអារម្មណ៍) នៃចិត្តរបស់ភិក្ខុនោះ ដូចជាការរលត់នៃប្រទីប។
[៤] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺសទ្ធាពលៈ ១ វីរិយពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ សទ្ធាពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កំចាត់បង់នូវត្រៃភព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធាពលៈ។ ម្នាលភិក្ខុទាំងឡាយ វីរិយពលៈ តើដូចម្តេច។
(១) រមែងឃើញច្បាស់នូវសច្ចធម៌ ដោយមគ្គប្បញ្ញា មួយអន្លើដោយវិបស្សនា។ អដ្ឋកថា។
ID: 636854447524569868
ទៅកាន់ទំព័រ៖