ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងប្រុងស្មារតីក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារី មានសីល ជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏សូមឲ្យនិមន្តមក ពួកសព្រហ្មចារី មានសីលជា ទីស្រឡាញ់ ដែលមកដល់ហើយ ក៏សូមឲ្យនៅសប្បាយ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៧ នេះ តាំងនៅក្នុងភិក្ខុទាំងឡាយ ឬថាភិក្ខុទាំងឡាយ នឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ទាំង ៧ យ៉ាងនេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។
[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ ឯអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុមិនត្រេកអរនឹងការងារ មិនប្រកបរឿយ ៗ នូវភាវៈជាអ្នកមានការងារជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ១។
ID: 636854456634390920
ទៅកាន់ទំព័រ៖