ព្រះត្រៃបិដក ភាគ ៤៧
ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១
ID: 636854458238872691
ទៅកាន់ទំព័រ៖