ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារឰសេចក្តីព្យាយាម ដើម្បីលះ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នកមានកំឡាំង ព្យាយាម ប្រឹងប្រែងមុតមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីរិយពលៈ។ ម្នាលភិក្ខុទាំងឡាយ ហិរិពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងអៀនខ្មាស នូវការជួបប្រសព្វនូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហិរិពលៈ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុត នូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឱត្តប្បពលៈ។ ម្នាលភិក្ខុទាំងឡាយ សតិពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសតិ ប្រកបដោយសតិ និងភាពជាអ្នកមានបញ្ញាចាស់ក្លាដ៏ឧត្តម ជាអ្នកនឹករលឹក ចាំបាននូវអំពើដែលខ្លួនធ្វើយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង។
ID: 636854447733971845
ទៅកាន់ទំព័រ៖