ព្រះត្រៃបិដក ភាគ ៤៧

​ទេវតា​វគ្គ​


 [​២៩​]​ ​លំដាប់នោះ​ឯង​ ​ទេវតា​មួយ​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​កាលដែល​វេលា​រាត្រី​ ​បឋមយាម​កន្លង​ផុត​ទៅ​ ​ក៏​ធ្វើ​វត្ត​ជេតវន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ទេវតា​នោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៧​ ​ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​គោរព​ព្រះ​សាស្តា​ ​១​ ​គោរព​ព្រះធម៌​ ​១​ ​គោរព​ព្រះសង្ឃ​ ​១​ ​គោរព​សិក្ខា​ ​១​ ​គោរព​សមាធិ​ ​១​ ​គោរព​ការ​មិន​ប្រមាទ​ ​១​ ​គោរព​ការ​ធ្វើ​បដិសណ្ឋារៈ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៧​ ​ប្រការ​នេះឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​។​ ​លុះ​ទេវតា​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នេះ​ចប់ហើយ​ ​ព្រះ​សាស្តា​ក៏​ទ្រង់​សព្វ​ព្រះ​ហ្ឫទ័យ​។​ ​លំដាប់នោះ​ ​ទេវតា​នោះ​គិតថា​ ​ព្រះ​សាស្តា​ ​ទ្រង់​សព្វ​ព្រះ​ហ្ឫទ័យ​នឹង​អាត្មាអញ​ ​ដូច្នេះហើយ​ ​ក៏​ថ្វាយបង្គំលា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​បាត់​អំពី​ទីនោះ​ឯង​។​ ​លុះ​វេលា​កន្លង​រាត្រី​នោះ​មក​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​យប់មិញ​នេះ​ ​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636854460029475108
ទៅកាន់ទំព័រ៖