ព្រះត្រៃបិដក ភាគ ៤៧
ភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ផង គួរគោរពផង គួរសរសើរផង ឧស្សាហ៍ប្រៀនប្រដៅផង អត់ធន់ចំពោះពាក្យផង ជាអ្នកនិយាយពាក្យជ្រៅផង ទាំងមិនដឹកនាំ ក្នុងហេតុដែលមិនគួរផង ហេតុទាំងនេះ មានក្នុងបុគ្គលណា ក្នុងលោកនេះ បុគ្គលជាអ្នកប្រាថ្នានូវប្រយោជន៍ អ្នកធ្វើនូវសេចក្តីអនុគ្រោះ មានសភាពដូច្នោះនោះ ឈ្មោះថាជាមិត្ត បុគ្គលអ្នកមានសេចក្តីត្រូវការដោយមិត្ត ទោះបីជាលោកធ្វើឲ្យវិនាស ក៏គួរតែតាមសេពគប់។
[៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងមិនខាន។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីច្រអូសចិត្តរបស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្នុងរបស់អញរួញរា ១ ឬចិត្តខាងក្រៅរាយមាយ ក៏ដឹងច្បាស់តាមពិតថា ចិត្តខាងក្រៅរបស់អញរាយមាយ ១ ភិក្ខុនោះដឹងនូវវេទនាទាំងឡាយ ដែលកើតឡើង ដឹងនូវវេទនាទាំងឡាយប្រាកដឡើង ដឹងនូវវេទនាទាំងឡាយ ដែលដល់នូវសេចក្តីវិនាស ១
ID: 636854462396950520
ទៅកាន់ទំព័រ៖