ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជាវិញ្ញាណដ្ឋិតិ ទី៦។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិ ទី៧។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិ មាន ៧ យ៉ាងនេះឯង។
[៤២] ម្នាលភិក្ខុទាំងឡាយ សមាធិបរិក្ខារ (អង្គរបស់សមាធិ) នេះ មាន ៧ប្រការ។ សមាធិបរិក្ខារ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១។ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តដែលមានអារម្មណ៍មូលតែមួយឯណា ដែលអង្គទាំង ៧ ប្រការនេះចោមរោមហើយ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តដែលមានអារម្មណ៍មូលតែមួយនេះ ហៅថា អរិយសមាធិ មានឧបនិស្ស័យដូច្នេះខ្លះ មានបរិក្ខារដូច្នេះខ្លះ។
ID: 636854465484927142
ទៅកាន់ទំព័រ៖