ព្រះត្រៃបិដក ភាគ ៤៧
មានប្រាថ្នានឹងតាំងទុកនូវភ្លើង មានប្រាថ្នានឹងលើកឡើងនូវឈើសន្លុង សូមព្រះគោតមដ៏ចំរើន ទូន្មានខ្ញុំព្រះអង្គ សូមព្រះគោតមដ៏ចំរើន ប្រៀនប្រដៅខ្ញុំព្រះអង្គ ដោយពាក្យដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលយូរអង្វែង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជាជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា ៣យ៉ាង ដែលជាអកុសល មានតែចំរើនសេចក្តីទុក្ខ មានទុក្ខជាផល។ គ្រឿងសស្រ្តា ៣ យ៉ាង តើដូចម្តេចខ្លះ។ គ្រឿងសស្រ្តា គឺកាយ ១ គ្រឿងសស្រ្តា គឺវាចា ១ គ្រឿងសស្ត្រា គឺចិត្ត ១។ ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជាជាដម្បូងនុ៎ះឯង រមែងញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោបាប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់កូនគោឈ្មោលប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់កូនគោញីប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់ពពែប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់សត្វកែះប៉ុណ្ណោះដើម្បីបូជា បុគ្គលនោះ ធ្វើបាបដោយសំគាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសល ដោយសំគាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសំគាល់ថា អញស្វែងរកផ្លូវសុគតិ
ID: 636854466442901935
ទៅកាន់ទំព័រ៖