ព្រះត្រៃបិដក ភាគ ៤៧
ជនទាំងឡាយ ចូរសម្លាប់គោបាដើម្បីបូជា ប្រុងប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់កូនគោឈ្មោល ដើម្បីបូជា ប្រុងប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់កូនគោញី ដើម្បីបូជា ប្រុងប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់ពពែ ដើម្បីបូជា ប្រុងប្រៀបខ្លូនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់សត្វកែះ ដើម្បីបូជា បុគ្គលនោះ ធ្វើបាបដោយសំគាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសល ដោយសំគាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសំគាល់ថា អញស្វែងរកផ្លូវសុគតិ ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្ត្រា គឺកាយដែលជាអកុសល មានតែចំរើនដោយសេចក្តីទុក្ខ មានទុក្ខជាផល នេះជាគ្រឿងសស្រ្តា ទី៣។ ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា ៣ ប្រការនេះ ដែលជាអកុសល មានតែចំរើនដោយសេចក្តីទុក្ខ មានទុក្ខជាផល។ ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ។ ភ្លើង ៣ ប្រការ តើដូចម្តេចខ្លះ។
ID: 636854466897897959
ទៅកាន់ទំព័រ៖