ព្រះត្រៃបិដក ភាគ ៤៧
ភ្លើង គឺទក្ខិណេយ្យបុគ្គលនេះ បុគ្គលគួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើឲ្យល្អ ដោយប្រពៃ។ ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះឯង បុគ្គលគួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើឲ្យល្អដោយប្រពៃ។ ម្នាលព្រាហ្មណ៍ ចំណែកឯភ្លើងឧសនេះសោត បុគ្គលក៏គួរដុតតាមកាលគួរ បង្អន់មើលតាមកាលគួរ គួរលត់តាមកាលគួរ គួរទុកដាក់តាមកាលគួរ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ឧគ្គតសរីរព្រាហ្មណ៍ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គនុ៎ះ នឹងលែងគោបា ៥០០ ឲ្យជីវិត នឹងលែងកូនគោឈ្មោល ៥០០ ឲ្យជីវិត នឹងលែងកូនគោញី ៥០០ ឲ្យជីវិត នឹងលែងពពែ ៥០០ ឲ្យជីវិត នឹងលែងសត្វកែះ ៥០០ ឲ្យជីវិត ចូរសត្វទាំងនោះ ទំពាស៊ីស្មៅខ្ចីផង ផឹកទឹកត្រជាក់ផង ទាំងខ្យល់ដ៏ត្រជាក់ ចូរបក់ផ្សាយ ដល់ពួកសត្វទាំងនោះចុះ។
ID: 636854467668732049
ទៅកាន់ទំព័រ៖