ព្រះត្រៃបិដក ភាគ ៤៧
តែចិត្តនៅតែត្រាច់ទៅរកសេចក្តីត្រេកអរក្នុងជីវិត ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា មរណសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចំរើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងខ្លួន ក្នុងមរណសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំមរណសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការត្រេកអរក្នុងជីវិត មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា មរណសញ្ញា អញចំរើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចំរើនរបស់អញ សម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងខ្លួន ក្នុងមរណសញ្ញានោះ ដោយប្រការដូច្នេះ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលភិក្ខុបានចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុតដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យហេតុនេះឯង។
ID: 636854468635717357
ទៅកាន់ទំព័រ៖