ព្រះត្រៃបិដក ភាគ ៤៧
ពាក្យថា ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ដូច្នេះនេះឯង តថាគតបានពោលហើយ ចុះពាក្យដែលតថាគតពោលហើយ តើព្រោះអាស្រ័យហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាកលាភសក្ការៈ និងសេចក្តីសរសើរ មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃ ដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាកលាភសក្ការៈ និងសេចក្តីសរសើរ មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង មានឧបមេយ្យយ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ប៉ុន្តែចិត្តនៅតែត្រាច់ទៅ ស្វែងរកលាភសក្ការៈ និងសេចក្តីសរសើរ ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន
ID: 636854469606902906
ទៅកាន់ទំព័រ៖