ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើម និងកាលខាងចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចំរើនរបស់អញ មិនទាន់សម្រេចទេ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអនិច្ចសញ្ញានោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុមានចិត្តសន្សំអនិច្ចសញ្ញារឿយ ៗ ហើយ ចិត្តក៏រួញខ្មូរ បែរចេញចាកលាភសក្ការៈ និងសេចក្តីសរសើរ មិនលាវិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចសញ្ញា អញចំរើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចំរើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងអនិច្ចសញ្ញានោះ ដោយប្រការដូច្នេះ។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុតដូច្នេះ ដែលតថាគតបានពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។
ID: 636854469797143787
ទៅកាន់ទំព័រ៖