ព្រះត្រៃបិដក ភាគ ៤៨
នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ កាលដែលព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះហើយ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់បីដងទៀតដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយទៀតហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈជាគំរប់បីដងទៀត។ ទើបព្រះមហាមោគ្គលា្លនដ៏មានអាយុ ចាប់ដើមដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គបានបណ្តេញឲ្យដើរចេញហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់សំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ
ID: 636854669570610175
ទៅកាន់ទំព័រ៖