ព្រះត្រៃបិដក ភាគ ៤៨
គឺទ្រង់សំដែងទានកថា សីលកថា សគ្គកថា ទោសរបស់កាមទាំងឡាយដ៏លាមក សៅហ្មង និងអានិសង្សក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំព្រះករុណាមានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់សំដែងធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែងដោយព្រះអង្គឯង គឺទ្រង់សំដែងទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់ពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បាន ដោយប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់ខ្ញុំករុណា លើអាសនៈនោះឯងថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ក៏យ៉ាងនោះដែរ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាបានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់អរិយសច្ចធម៌ បានចុះចិត្តស៊ប់ ក្នុងអរិយសច្ចធម៌ បានឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លាហើយ មិនបានជឿស្តាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បានដល់ព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ក្នុងទីនោះ
ID: 636854671159591060
ទៅកាន់ទំព័រ៖