ព្រះត្រៃបិដក ភាគ ៤៨
ទាំងបានសមាទាននូវសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី២ តែងមានដល់ខ្ញុំព្រះករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំព្រះករុណា មាននាងកុមារីជាប្រពន្ធ ៤ នាក់ បពិត្រលោកម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះករុណា ចូលទៅរកប្រពន្ធទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងប្រពន្ធទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យើងសមាទានសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥ ហើយ (បើ) នាងណាប្រាថ្នា នាងនោះ ចូរប្រើប្រាស់នូវភោគៈទាំងឡាយនេះផង ចូរធ្វើបុណ្យទាំងឡាយផងចុះ ឬថា ទៅកាន់ត្រកូលញាតិ ជារបស់ខ្លួនក៏បាន ពុំនោះសោត នាងទាំងឡាយ ត្រូវការបុរសណា យើងនឹងឲ្យនាងទាំងឡាយទៅបុរសនោះ។ បពិត្រលោកម្ចាស់ដ៏ចំរើន កាលដែលខ្ញុំករុណា និយាយយ៉ាងនេះហើយ នាងដែលជាប្រពន្ធច្បងនោះ និយាយនឹងខ្ញុំករុណាថា បពិត្រអយ្យបុត្ត ចូរអ្នកឲ្យខ្ញុំទៅបុរសឈ្មោះនេះចុះ។ បពិត្រលោកម្ចាស់ដ៏ចំរើន ឯខ្ញុំករុណា ក៏ឲ្យគេហៅបុរសនោះមក ហើយដៃឆ្វេងកាន់ប្រពន្ធ ដៃស្តាំកាន់កុណ្ឌី (ច្រួចទឹក) ប្រគល់ឲ្យដល់បុរសនោះ
ID: 636854671584445360
ទៅកាន់ទំព័រ៖