ព្រះត្រៃបិដក ភាគ ៤៨
បពិត្រលោកម្ចាស់ដ៏ចំរើន កាលខ្ញុំករុណា លះបង់នូវនាងកុមារី ឲ្យទៅជាទានហើយ ក៏មិនដឹងធ្វើចិត្តឲ្យប្រែប្រួលឡើយ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៣ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ភោគៈទាំងឡាយ មានច្រើនក្នុងត្រកូលរបស់ខ្ញុំករុណា តែភោគៈទាំងនោះ មិនបានចែកមុខអំពីលោកអ្នកមានសីល មានកល្យាណធម៌ទាំងឡាយទេ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៤ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន បើខ្ញុំករុណាចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិត ដោយគោរព មិនមែនចូលទៅអង្គុយជិត ដោយមិនគោរពទេ។ បពិត្រលោកដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៥ តែងមានដល់ខ្ញុំករុណា។ បើលោកដ៏មានអាយុនោះ សំដែងធម៌ដល់ខ្ញុំករុណា ខ្ញុំករុណាតែងស្តាប់ដោយគោរព មិនមែនស្តាប់ដោយមិនគោរពទេ បើលោកដ៏មានអាយុ មិនសំដែងធម៌ដល់ខ្ញុំករុណាទេ ខ្ញុំករុណា តែងសំដែងធម៌ដល់លោកដ៏មានអាយុនោះវិញ។ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌អស្ចារ្យចំឡែក ទី៦ តែងមានដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន ពួកទេវតាតែងចូលមករកខ្ញុំករុណា ហើយប្រាប់ថា ម្នាលគហបតិ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃដូច្នេះ មិនជាទីអស្ចារ្យទេ។
ID: 636854671812018377
ទៅកាន់ទំព័រ៖